មនុស្សស្រីដែលស្អាតពិតប្រាកដ គឺចេះពីវិធីតុបតែងខ្លួន និងកែច្នៃខ្លួនឯងឱ្យមើលទៅស្រស់ស្អាតជាងមុន បើទោះជាសម្រស់មិនសូវបានយ៉ាងណាក៏ដោយ។ ហើយសម្រាប់ការរៀបចំខ្លួនប្រាណរបស់មនុស្សស្រីតែងតែមានការផ្លាស់ប្តូរថ្មីរហូតពីមួយសម័យ ទៅមួយសម័យ ដែលត្រូវតម្រូវឱ្យតាមដាន និងផ្លាស់ប្តូរទៅតាមគេទៅតាមឯង កុំឱ្យគេនិយាយថា ជាមនុស្សស្រីបុរាណ ដើរមិនទាន់សម័យនឹងគេឱ្យសោះ។
ដូច្នេះថ្ងៃនេះយើងនឹកលើកឡើងពីស្តាយ៍តុបតែងខ្លួន ដែលមនុស្សស្រីសម័យថ្មីនេះគួរតែលះបង់ និងកែប្រែ ដើម្បីឱ្យមើលទៅស្រស់ស្អាតទាន់សម័យដូចគេ ដូចខាងក្រោមនេះ៖
១. ពាក់ចិញ្ចៀនច្រើនពេក
អ្នកជំនាញខាងគ្រឿងអលង្ការបានផ្តល់យោបល់ថា មនុស្សស្រីមិនគួរពាក់ចិញ្ចៀនលើម្រាមដៃលើសពី៣ទេ រាប់ទាំងចិញ្ចៀនភ្ជាប់ពាក្យ ឬចិញ្ចៀនរៀបការ (ត្រឹមតែ២ល្អបំផុត)។ អ្វីដែលអ្នកត្រូវចងចាំម្យ៉ាងទៀតនោះគឺ គួរតែពាក់ចិញ្ចៀនមានដាំពេជ្រ ត្បូង និងគ្រឿងដែលចែងចាំងល្អទើបជាការប្រសើរ (ពិតក៏បាន ក្លែងក្លាយក៏បាន)។

២. សំលៀកបំពាក់អន់គុណភាព
សំលៀកបំពាក់ដែលមានគុណភាពអន់ និងមានតម្លៃថោក ធ្វើឱ្យអ្នកពាក់មិនបានយូរ ឆាប់បែកព្រុយ ហើរពណ៌ រហែកដាច់ ថែមទាំងអាចបង្កជាប្រតិកម្មអាល្លែកហ្ស៊ីស្បែកផងដែរ។ ដូច្នេះគួរតែចំណាយលុយទិញសំលៀកបំពាក់មានគុណភាពល្អសមល្មមប្រើ ដោយមិនបាច់ទិញប្រេនមានតម្លៃថ្លែពេកក៏បាន ដើម្បីឱ្យមើលទៅកាន់តែថ្លៃថ្នូរមួយកម្រិតទៀត។

៣. ម៉ូតស្រោមបា
ស្រោមបាស្តើងៗដែលមនុស្សស្រីជ្រើសរើស គួរតែមានពណ៌ដិតជាងស្បែកធម្មតារបស់អ្នកបន្តិច ដោយចៀសវាងពាក់ស្រោមបាពណ៌ស.ស្គុះខ្លាំងពេក។ ហើយសម្រាប់ស្ត្រីដែលចង់ឱ្យមើលទៅកាន់តែមានលក្ខណៈថ្លៃថ្នូរ គួរតែពាក់ស្រោមបាពណ៌ក្រម៉ៅ ឬខ្មៅតែម្តង ព្រោះវាជួយធ្វើឱ្យជើងមើលទៅកាន់តែស្រឡូនស្អាត ហើយមានមន្តស្នេហ៍ តែកុំភ្លេចណាស្រោមបាត្រូវតែពាក់ជាមួយនឹងស្បែកជើងកែងទើបសាកសមបំផុត។

៤. ប្រភេទអាវទ្រនាប់
មនុស្សស្រីជាច្រើនយល់ថា រាល់ពេលពាក់អាវរឹបរាង ហើយពាក់អាវទ្រនាប់ប្រភេទជាប៉ាក់ (Lacy Underwear) នៅខាងក្នុងនឹងធ្វើឱ្យមើលទៅកាន់តែស៊ិចស៊ី តែវាមិនមែនជាការពិតទេ ហើយថែមទាំងមើលទៅមិនសមរម្យផងដែរ។ ជាពិសេសពាក់អាវទ្រនាប់បែបនេះអាចមើលឃើញស្នាមអាវក្នុងច្បាស់ ធ្វើឱ្យរំខានអារម្មណ៍មនុស្សដែលនៅជុំវិញផងដែរ យកល្អពាក់អាវទ្រនាប់ធម្មតាល្អបំផុត។
ហើយក្នុងករណីអ្នកស្លៀកពាក់ប្រភេទជារ៉ូប ឬអាវអត់ដៃគួរតែប្រើអាវទ្រនាប់ប្រភេទស៊ីលីកូន(Silicone អាវទ្រនាប់ប្រភេទជាជែលជប់ជាប់នឹងសុដន់) ល្អជាង ហើយគួរចៀសវាងប្រើអាវទ្រនាប់ធម្មតាដោះខ្សែដៃអាវចេញ។

៥. គ្រឿងតុបតែងបន្ថែម
ការបន្ថែមគ្រឿងអលង្ការ ឬរបស់តុបតែងខ្លួនតូចៗរាល់ពេលអ្នកស្លៀកសំលៀកបំពាក់ អាចជួយលើកសម្រស់របស់អ្នកឱ្យមើលទៅស្រស់ស្អាត និងមានមន្តស្នេហ៍បានមួយកម្រិតទៀតផងដែរ។ ដោយគ្រាន់តែបន្ថែមរបស់តុបតែងខ្លួន ដែលមានពណ៌ដូចសំលៀកបំពាក់ ឬស៊ីនឹងការតុបតែងខ្លួនក៏បាន ដូចជាបន្ថែមការពាក់មួក កន្សែងបង់ក ខ្សែក្រវាត់ នាឡិកា និងកូនខ្សែក ឬគ្រឿងអលង្ការតូចៗជាដើម។

៦. ម៉ូតខោអាវជាឈុត
ម៉ូតសំលៀកបំពាក់ជាឈុតៗដូចជាខោអាវគេងយប់ ត្រូវបានគេពេញនិយមខ្លាំងណាស់នៅក្នុងពេលបច្ចុប្បន្ន ។ ស្ត្រីឆ្លាតវៃអាចរើសយកម៉ូតបែបនេះ ដែលមានដៃ ឬអត់ដៃក៏បាន និងមើលទៅមានភាពស្រស់ស្អាតបែបទាន់សម័យ តែគួរចៀសវាងស្លៀកសំលៀកបំពាក់ម៉ូតដែលមានមួកពាក់ដូចអាវរងា ឈុតគេងយប់ ឬដូចខោអាវកូនក្មេងឱ្យសោះ។

៧. ខោខូវប៊យជាមួយនឹងស្បែកជើងកវែង
ការពាក់ស្បែកជើងកវែង ជាមួយនឹងខោខូវប៊យ មើលទៅមិនសូវជាថ្លៃថ្នូរប៉ុន្មាននោះទេ បើអាចចៀសបានគួរតែចៀស។ តែសម្រាប់អ្នកដែលគ្មានជម្រើស ឬមិនអាចរកស្បែកជើងកែងពាក់ទាន់ អ្នកអាចសាកល្បងកែច្នៃវាឱ្យពាក់ទៅសាកសមជាងមុន ដោយគ្រាន់តែទាញមូរខោខូវប៊ូយរបស់អ្នកឡើងលើបន្តិចឱ្យចេញរាង ឬម៉ូតស្បែកជើង នោះនឹងមើលទៅស្អាតជាងមុនជាមិនខាន។

៨. ម៉ូតវ៉ែនតា
ប្រសិនជាអ្នកពាក់វ៉ែនតាដែលមើលទៅខុសស្តង់ដា និងមានម៉ូតមិនសាកសមនឹងទម្រង់មុខ វានឹងធ្វើឱ្យអ្នកមើលទៅមិនថ្លៃថ្នូរនោះឡើយ។ ដូច្នេះអ្នកគូរតែទិញវ៉ែនតាណាដែលជាម៉ូតទាន់សម័យថ្មី និងជាពិសេសចេះរើសម៉ូតឱ្យត្រូវនឹងទម្រង់មុខ នោះទើបធ្វើឱ្យអ្នកមើលទៅកាន់តែស្រស់ស្អាតជាងមុន។

៩. ក្រចកវែងៗ
ស្រីៗត្រូវដឹងថា សម័យនេះគេមិនទុកក្រចកវែងៗទៀតទេ មើលទៅហួសសម័យខ្លាំងណាស់។ បើចង់មើលទៅមានភាពស្រស់ស្អាត លេចធ្លោ ថ្លៃថ្នូរ និងដើរទាន់សម័យនឹងគេ គួរតែទុកក្រចកខ្លីល្មមបានហើយ ហើយគួរលាបពណ៌ក្រចកតែ ពណ៌ស ខ្មៅ និងក្រហមប៉ុណ្ណោះ ដែលជាពណ៌ក្រចកស្តង់ដារ ពេញនិយម និងទាន់សម័យទៀតផង៕

No comments:
Post a Comment